ទស្សនៈវិស័យ
អង្គការមរតកចង់ឃើញសហគមន៍ជនប្រកបដោយសន្តិភាពនៅក្នុងប្រទេសកម្ពុជា ប្រជាជនមានសិទ្ធិស្មើគ្នា និងមានឱកាសក្នុងការគ្របគ្រងចាត់ចែង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាពដើម្បីធ្វើឳ្យជីវិតពួកមានគុណភាពប្រសើរឡើង។
បេសកកម្ម
កែលម្អស្ថានភាពរស់ ពង្រឹងសាមគ្គីភាព និងបង្កើតភាពជាម្ចាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រនូវឆ្នេរសហគមន៍នៅកម្ពុជា តាមរយៈការកសាងសមត្ថភាព ការគាំទ្រគំនិតផ្តួចផ្តើមរបស់ពួកគេ និងសម្របសម្រួលពិភាក្សារវាងវិស័យពាក់ព័ន្ធផ្សេងៗ
គោបំណង
លើកកម្ពស់ការផ្តល់អំណាចដល់សហគមន៍ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារដោយពង្រឹងសមត្ថភាពក្រុមសហគមន៍នានា ក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យភាវូបនីយកម្មក្នុងតំបន់ និងអភិបាលកិច្ចល្អនៅមូលដ្ឋាន។
គុណតម្លៃ
១- តម្លាភាព និងការទទួលខុសត្រូវបង្កើតទំណុកចិត្តក្នុងចំណោមបុគ្គលិកនិងភាគីពាក់ព័ន្ធ ដើម្បីឈានទៅដល់ការគ្រប់គ្រងស្ថាប័នយ៉ាងរឹងមាំ។
២- ការបង្កើនសមត្ថភាពធ្វើឳ្យអង្គភាពនិងសហគមន៍នានាឆ្លើយតបទៅនឹងការផ្លាស់ប្តូរជាចាំបាច់ ហើយនិងនិរន្តរភាព។
៣- ធ្វើឳ្យជីវៈភាពរស់នៅរបស់សហគមន៍ប្រសើរឡើង បានមកពីការសហការណ៍ល្អពីវិស័យដែលពាក់ព័ន្ធជាច្រើន។
៤- កម្មសិទ្ធិលើកកម្ពស់ការទទួលខុសត្រូវ និងឈានទៅដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព
៥- ការចូលរួម ការផ្តូចផ្តើម និងសមភាពយែនឌ័រ ធ្វើឳ្យយើងគៀងគរនូវធនធានទាំងអស់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
ប្រវត្តសង្ខេបនៃអង្គការមរតក
អង្គការមរតកគឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយដែលកុំពុងធ្វើការជាមួយសហគមន៍ជនបទដែលនៅជុំវិញឆកសមុទ្រកំពង់សោមក្នុងប្រទេសកម្ពុជា ហើយពីមុនជាកម្មវិធីមួយរបស់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិAmerican Friends Service Committee(AFSC)។ ក្នុងឆ្នាំ១៩៩៧ កម្មវិធីសមាហរណកម្មជីវៈភាពរស់នៅប្រកបដោយនិរន្តរភាព(ISLP) របស់AFSC ជាទូរទៅធ្វើការក្នុងស្រុកស្រែអំបិលខេត្តកោះកុង ដែលក្នុងកំឡុងឆ្នាំនោះតំបន់ទាំងនោះជាតំបន់ដាច់ស្រយាលហើយអសន្តិសុខ។ AFSC/ISLPពីដើមផ្តល់នូវសេវាកម្មជាច្រើនយ៉ាងពេញលេញ រួមមានសេវាកម្មផ្នែកកសិកម្ម ប្រព័ន្ធធារាសាស្រ្ត ឥណទា សេវាសុខភាព និងសេវាអប់រំផ្សេងៗ។ តែនៅឆ្នាំ២០០១កម្មវិធីត្រូវបានកាត់បន្ថយដោយផ្តោតតែទៅលើការជួយសហគមន៍នានាក្នុងការគ្រប់គ្រង និងការការពារនូវធនធានធម្មជាតិរបស់ពួកគេ រួមនិងការកែលំអរលក្ខខ័ណ្ឌជីវៈភាពរស់នៅរបស់ពួកគេប៉ុណ្ណោះ។
ប៉ុន្តែក្នុងឆ្នាំ២០០៣ កម្មវិធីISLPត្រូវបំពេញដោយបុគ្គលិកខ្មែរទាំងស្រុង, ហើយនៅឆ្នាំ២០០៤កម្មវិធីនេះត្រូវបានគេសម្រេចថាជាឧបករណ៍សម្រាប់ត្រួតពិនិត្យតាមដានហិរញ្ញវត្ថុ ដែលអាចឳ្យបុគ្គលិកចាត់ចែងនូវថវិកាផ្ទាល់ខ្លួនរបស់ពួកគេ។ ក្នុងឆ្នាំ២០០៨ ក្នុងបំណងរៀបចំទៅជាអង្គការក្នុងស្រុកពេញលេញនោះ អង្គការAFSC បានរៀបចំសិក្ខាសាលានិងកិច្ចប្រជុំផ្សេងៗជាច្រើន ដើម្បីរកនូវគំនិតយោបល់ពីបុគ្គលិក ថាតើត្រូវប្រែក្លាយទៅជាអង្គការក្នុងស្រុកយ៉ាងដូចម្តេច។ ជាយថាហេតុ ផែនការ៣ឆ្នាំមួយដែលកសាងដោយបុគ្គលិកក្នុងស្រុកត្រូវបានធ្វើរួចរាល់ ដោយបានកំណត់ទស្សនៈវិស័យនិងបេសកកម្មទៅអនាគត់របស់វា ហើយចាប់ផ្តើមដំណើរការផ្លាស់ប្តូរមួយ ដែលក្នុងនោះកម្មវិធីបានបង្កើតឡើងនូវអត្តសញ្ញាណគោលនយោបាយផ្សេងៗ ច្បាប់ រចនាសម្ព័នអភិបាលកិច្ច និងសមត្ថភាពរបស់អង្គការ។ ក្នុងឆ្នាំ២០១១ កម្មវិធីISLPត្រូវបានចុះបញ្ជីទៅជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលមានឈ្មោះថា “Morodok” “មរតក”។
AFSC បានប្រគល់កម្មវិធីមកឳ្យអង្គការមរតកនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១១។ ចាប់តាំងពីពេលនោះមកអង្គការមរតក បន្តធ្វើការនៅក្នុងតំបន់ជំនួសអង្គការAFSC ក្នុងការលើកទឹកចិត្តក្រុមសហគមន៍ផ្សេងៗ ដើម្បីទទួលបាននូវសិទ្ធិពិត ប្រាកដរបស់ពួកគេក្នុងការប្រើប្រាស់ធនធានធម្មជាតិនានា ដើម្បីធ្វើឳ្យជីវភាពរស់នៅប្រសើរឡើង។ បុគ្គលិករបស់ អង្គការមរតកធ្វើការយ៉ាងជិតស្និតជាមួយមេដឹកនាំក្រុមសហគមន៍ផ្សេងៗទាំងឡាយ ក្នុងការជួយពួកគាត់ជំរុញ លើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍ក្នុងការបង្កើតសហគ្រាសសង្គម និងការទាមទានូវសិទ្ធិសម្រាប់សហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ អង្គការមរតកបន្តសម្របសម្រួលក្រុមនានារបស់សហគមន៍ឳ្យរួមគ្នា សហការជាមួយមន្រ្តីមូលដ្ឋាន មន្រ្តីជំនាញផ្សេងៗ និងដៃគូអភិវឌ្ឍន៍នានាក្នុងការរៀបចំនូវកម្មវិធីនិងសំណើរផ្សេងៗ ស្នើមកស្ថាប័ននានារាជរដ្ឋាភិបាលថ្នាក់ជាតិ ក្នុងការទទួលបាននូវសិទ្ធិកាន់កាប់ធនធាន ជួយបង្កើតនូវភាពជាម្ចាស់នៃឆ្នេរសម្រាប់សហគមន៍ក្នុងឆកសមុទ្រកំពុងសោម។